Chat with us, powered by LiveChat កិច្ចសម្ភាសន៍ចែករំលែកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន - Registration Services
មិន​មាន​ចំណាត់​ក្រុម

កិច្ចសម្ភាសន៍ចែករំលែកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ខែ​កញ្ញា 30, 2022

នៅក្នុងអគារកម្ពស់មិនតិចជាង  ១០ ជាន់នៅតំបន់ជ្រោយចង្វារ ពួកយើងបានណាត់ជួប លោក អៀ អ៊ុយ សហស្ថាបនិកនៃក្រុមហ៊ុន សប្បាយអស្ចារ្យ នៅការិយាល័យមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»។ 


ក្រុមហ៊ុនសប្បាយអស្ចារ្យ ជាក្រុមហ៊ុនដែលផ្ដល់សេវាផលិតគំនូរជីវចល និងផលិតកម្មវិធីកំសាន្តសម្រាប់ទូរស័ព្ទដៃ។ ក្រុមហ៊ុនមួយនេះបានចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីពន្ធដារតាំងពីឆ្នាំ២០១៩ មុនពេលការកែទម្រង់នីតិវិធីចុះបញ្ជីអាជីវកម្មនៅកម្ពុជា។ ក្រោយទទួលបានព័ត៌មានពីការដាក់ដំណើរនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ នាខែកញ្ញា ឆ្នាំ២០២១ លោកបានសម្រេចចិត្តស្នើសុំវិញ្ញាបនបត្រសេវាបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានដោយជោគជ័យតាមអនឡាញហើយទទួលបាន អាជ្ញាបណ្ណក្នុងរយៈពេលតែ៥ថ្ងៃតែប៉ុណ្ណោះ។ ក្នុងទឹកមុខសប្បាយរីករាយ និងរាក់ទាក់លោកបានយល់ព្រមផ្ដល់បទសម្ភាសន៍ជាមួយពួកយើង ដើម្បីចែករំលែកពីបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដូចខាងក្រោម៖


អ្នកសម្ភាសន៍: តើបងស្គាល់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានតាមរយៈណា និងហេតុអ្វីសម្រេចចិត្តចុះបញ្ជី?

លោកអៀ អ៊ុយ: ខ្ញុំស្គាល់ប្រព័ន្ធចុះបញ្ជីអាជីវកម្មនេះ តាមរយៈការណែនាំរបស់មន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសម្រេចចិត្តចុះបញ្ជីតាមប្រព័ន្ធនេះព្រោះវាមានលក្ខណៈងាយស្រួលលឿនអាចធ្វើខ្លួនឯងបានដោយពុំចាំបាច់ចំណាយលើសេវាភ្នាក់ងារមកចុះឱ្យនោះទេ។ ខ្ញុំផ្តោតលើល្បឿន គឺលឿនមែនទែន។

អ្នកសម្ភាសន៍: តើបងមានបទពិសោធន៍យ៉ាងណាខ្លះនៅពេលប្រើប្រាស់ប្រព័ន្ធ?

លោកអៀ អ៊ុយ: បើនិយាយពីផលលំបាកខ្ញុំដូចជារកពុំឃើញទេប៉ុន្តែបើផលចំណេញមានច្រើនព្រោះខ្ញុំពុំចាំបាច់ត្រូវចំណាយពេលវេលាយកឯកសារទៅដាក់ផ្ទាល់នៅក្រសួងនោះទេ។ ខ្ញុំអាចស្នើសុំអាជ្ញាបណ្ណតាមអនឡាញពីកន្លែងធ្វើការខ្ញុំតែម្តង។ សំខាន់ជាងគេនោះគឺដំណើរការតាមអនឡាញនេះមានភាពរលូន។ ការគាំទ្រអ្នកប្រើប្រាស់លើ Live Chat និងតាមទូរស័ព្ទក៏មានភាពល្អប្រសើរ និងជួយឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបានលឿន។

អ្នកសម្ភាសន៍: តើបងមានជាសារអ្វីខ្លះផ្ដាំផ្ញើទៅអ្នកអាន?

លោកអៀ អ៊ុយ: អ្នកដែលមានបំណងបង្កើតអាជីវកម្មថ្មី និងអ្នកដែលកំពុងចង់ចុះបញ្ជីអាជីវកម្មគួរគិតគូរលើការស្នើសុំចុះបញ្ជី និងអាជ្ញាបណ្ណផ្សេងៗតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានព្រោះនីតិវិធីអនឡាញមានភាពឆាប់រហ័សដំណើរការរលូន និង ពុំចាំបាច់ចំណាយលើសេវាភ្នាក់ងារខាងក្រៅនោះទេដោយម្ចាស់អាជីវកម្មអាចចុះឈ្មោះដោយខ្លួនឯងបាន។ លើសពីនេះរាល់បញ្ហាក្នុងដំណើរការដាក់ស្នើ ក្រុមការងារសម្របសម្រួលតែងចាំជួយគាំទ្រ និង ដោះស្រាយជូនយ៉ាងមានប្រសិទ្ធភាព។