Chat with us, powered by LiveChat តើលោកអ្នកគួរធ្វើអ្វីខ្លះនៅមុនពេល នៅកំឡុងពេលចុះបញ្ជី និងក្រោយពេលចុះបញ្ជី? - Registration Services
Uncategorized

តើលោកអ្នកគួរធ្វើអ្វីខ្លះនៅមុនពេល នៅកំឡុងពេលចុះបញ្ជី និងក្រោយពេលចុះបញ្ជី?

September 6, 2022

បើទោះបីជាប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម និងធុរជន ក្នុងការចុះបញ្ជីអាជីវកម្មជាងមុនក៏ពិតមែន យើងខ្ងុំមានគន្លឹះមួយចំនួនដើម្បីឱ្យបទពិសោធន៍ចុះបញ្ជីរបស់លោកអ្នកកាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។

តើលោកអ្នកគួរធ្វើអ្វីខ្លះ នៅមុនពេលចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន?

នៅមុនពេលចុះបញ្ជីអាជីវកម្ម លោកអ្នកគួរតែ ៖

  • អានសៀវភៅមគ្គុទេសក៍ ស្តីពីការចុះបញ្ជីតាម ថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលលោកអ្នកអាចទាញយកបានលើគេហទំព័រ www.registrationservices.gov.kh
  • ទាក់ទងមកកាន់ក្រុមការងារគាំទ្ររបស់យើង ដើម្បីស្រាយចម្ងល់ឱ្យអស់ផ្សេងៗ
  • រៀបចំឯកសារ ដើម្បីភ្ជាប់ជាមួយសំណើចុះបញ្ជី
  • បង្កើតគណនី CamDigiKey លើទូរស័ព្ទដៃ (ចូលទៅកាន់តំណ  https://youtu.be/J0FLP1HIwfQ  ដើម្បីស្វែងយល់ពីវិធីបង្កើតគណនី CamDigiKey)

តើលោកអ្នកគួរធ្វើអ្វីខ្លះ នៅកំឡុងពេលចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន?

នៅកំឡុងពេលចុះបញ្ជីអាជីវកម្ម លោកអ្នកគួរតែ ៖

  • ស្វែងរកកន្លែងដែលមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់
  • ប្រើប្រាស់កុំព្យូទ័រដើម្បីចូលទៅកាន់ថ្នាលចុះបញ្ជី
  • បញ្ចូលព័ត៌មាន និងភ្ជាប់ឯកសារតម្រូវទាំងអស់
  • ពិនិត្យឡើងវិញនូវ ព័ត៌មាន និងភ្ជាប់ឯកសារតម្រូវទាំងអស់ រួចដាក់ស្នើ និងបង់ប្រាក់អនឡាញ។

ក្រោយពីសំណើត្រូវបានដាក់ស្នើ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងត្រួតពិនិត្យសំណើចុះបញ្ជីទៅតាមដំណាក់កាលដោយក្រសួងពាណិជ្ជកម្ម ចំណាយពេលត្រួតពិនិត្យចំនួន ៣ ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ៤ ថ្ងៃ និងក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១ ថ្ងៃ។ ប្រសិនជាព័ត៌មាន និងឯកសារ គ្រប់គ្រាន់ ត្រឹមត្រូវ និងពិតប្រាកដ សំណើចុះបញ្ជីនឹងទទួលបានការអនុម័តក្នុងរយៈពេល ៨ ថ្ងៃ។

តើលោកអ្នកគួរធ្វើអ្វីខ្លះ ក្រោយពេលចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរួចរាល់?

ក្រោយទទួលបានការអនុម័ត លោកអ្នកគួរតែ ៖

  • បញ្ចូលព័ត៌មានគណនីធនាគារតាមថ្នាលអនឡាញ ក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារអនុម័តពាក្យស្នើសុំចុះបញ្ជី។ ប្រសិនជាមានការយឺតយ៉ាវដោយប្រការណាមួយ សូមទាក់ទងទៅស្នើសុំពន្យារការបញ្ចូលព័ត៌មានគណនីធនាគារ ពីអគ្គនាយកដ្ឋានពន្ធដារ ដោយទាក់ទងទៅ​០៨១ ៨៨៨ ២៩៦ រួចចុចតាមការណែនាំ ដើម្បីសាកសួរពីនីតិវិធី។
  • អាចព្រីន និងដាក់តាំងវិញ្ញាបនបត្រ/អាជ្ញាបណ្ណនៅទីតាំងអាជីវកម្មរបស់អ្នក ដើម្បីបង្ហាញពីភាពស្របច្បាប់នៃអាជីវកម្មលោកអ្នក។
  • ស្នើសុំអាជ្ញាបណ្ណជំនាញពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច តាមប្រភេទកម្មវត្ថុអាជីវកម្មរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនជាលោកអ្នកបើកសណ្ឋាគារ និងមានផ្តល់សេវាកម្មភោជនីយដ្ឋានក្នុងសណ្ឋាគារនោះ លោកអ្នកនឹងតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់សណ្ឋាគារ និងអាជ្ញាបណ្ណជំនាញសម្រាប់ភោជនីយដ្ឋាន ពីក្រសួងទេសចរណ៍។

បើទោះបីជាការចុះបញ្ជីអាជីវកម្មមានភាពងាស្រួលជាងមុន ហើយអ្នកចុះបញ្ជីមិនតម្រូវឱ្យទៅកាន់ការិយាល័យចុះបញ្ជីនៃក្រសួងស្ថាប័ននីមួយៗ ហើយអាចធ្វើការស្នើសុំតាមអនឡាញបាន ប៉ុន្តែប្រសិនជាអ្នកចុះបញ្ជីបានដឹងអំពីចំណុចគន្លឹះខាងលើ វានឹងអាចជួយសម្រួលបានមួយកម្រិតទៀត។

លោកអ្នកក៏អាចស្វែងរកជំនួយពីក្រុមការងារគាំទ្របាន តាមរយៈមធ្យោបាយដូចជា៖

  • ទំព័រហ្វេសប៊ុក: Online Business Registration Service
  • ការជជែកតាម Live Chat
  • អ៊ីម៉ែល: registrationservices@mef.gov.kh
  • លេខទូរស័ព្ទ: ០៨១ ៨៨៨ ២៩៦