ធុរជនដែលបានចុះបញ្ជីអាជីវកម្មបានសម្រេច មានកាតព្វកិច្ចបង្កើតគណនីធនាគារក្រុមហ៊ុនសម្រាប់ធ្វើប្រតិបត្តិការចំណូលចំណាយ និងស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់អាជីវកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
- បង្កើត និងបញ្ចូលគណនីធនាគារ
ដើម្បីឱ្យធុរជនរៀបចំឱ្យបានត្រឹមត្រូវ អ្នកត្រូវមានគណនីធនាគាររបស់ក្រុមហ៊ុន។ គណនីធនាគារផ្ទាល់ខ្លួនរបស់អ្នកដែលត្រូវបានប្តូរឈ្មោះទៅជាឈ្មោះក្រុមហ៊ុន មិនត្រូវបានរាប់បញ្ចូលជាគណនីធនាគាររបស់ក្រុមហ៊ុនទេ។ ធនាគារនីមួយៗមានគោលការណ៍ និងលក្ខណៈវិនិច្ឆ័យរៀងៗខ្លួន ដូច្នេះអ្នកអាចទាក់ទងធនាគារដែលមានសេវាកម្មដែលអ្នកចង់ប្រើប្រាស់ ឬ សួរព័ត៌មានលម្អិត ទាក់ទងនឹងឯកសារតម្រូវផ្សេងៗ។ម្ចាស់អាជីវកម្ម មានកាតព្វកិច្ចបញ្ចូលព័ត៌មានគណនីក្រុមហ៊ុន ចូលក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម ក្នុងរយៈពេល ១៥ ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី ទទួលបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ។ - ស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់អាជីវកម្ម
ដំណាក់កាលទី ២ នៃការចុះបញ្ជីអាជីវកម្ម គឺជាដំណាក់កាល ដែលត្រូវស្នើសុំអាជ្ញាបណ្ណជំនាញពីក្រសួងពាក់ព័ន្ធ ដោយផ្អែកលើសកម្មភាពអាជីវកម្មរបស់លោកអ្នក។ ការសុំអាជ្ញាបណ្ណនេះទាមទារអោយធុរជនប្រកបអាជីវកម្មស្របតាមស្តងដាររបស់រាជរដ្ឋាភិបាល និងមានការណែនាំច្បាស់លាស់ពីមន្រ្តីដែលពាក់ព័ន្ធក្នុងការដំណើរការអាជីវកម្មនីមួយៗ។ ឧទាហរណ៍៖ ប្រសិនជាលោកអ្នកបើកសណ្ឋាគារ និងមានផ្តល់សេវាកម្មភោជនីយដ្ឋានក្នុងសណ្ឋាគារនោះ លោកអ្នកនឹងតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់សណ្ឋាគារ និងអាជ្ញាបណ្ណជំនាញសម្រាប់ភោជនីយដ្ឋាន ពីក្រសួងទេសចរណ៍។
សរុបមក បន្ទាប់ពីការចុះបញ្ជីអាជីវកម្មបានសម្រេច ធុរជននៅមានកាតព្វកិច្ចសំខាន់ៗទាំង ២ នេះគឺ ការបង្កើតគណនីធនាគារ និងការស្នើសុំអាជ្ញាបណ្ណជំនាញតាមក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ តាមសកម្មភាពអាជីវកម្ម។