Chat with us, powered by LiveChat មុខងារថ្មី៖ ការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលមិនបានចុះបញ្ជីពន្ធដារ ឬមិនបានចុះបញ្ជីពាណិជ្ជកម្ម - Registration Services
មិន​មាន​ចំណាត់​ក្រុម

មុខងារថ្មី៖ ការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលមិនបានចុះបញ្ជីពន្ធដារ ឬមិនបានចុះបញ្ជីពាណិជ្ជកម្ម

ខែ​សីហា 2, 2023

តើអ្នកដឹងទេថា ការចុះបញ្ជីអាជីវកម្មពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម?

កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ (Single Portal) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្នើសុំក្នុងពាក្យស្នើសុំតែមួយ ដើម្បីចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងកាលពីពេលថ្មីៗនេះ បានបន្ថែមការស្នើសុំចុះបញ្ជិការក្រុមហ៊ុន/សហគ្រាសនៅបេឡាជាតិសន្តិសុខសង្គម។

 

មុនពេលប្រព័ន្ធ Single Portal ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ, ធុរជនមួយចំនួនមិនបានចុះបញ្ជីអាជីវកម្មគ្រប់នីតិវិធីឡើយ ពោលអាជីវកម្មមួយចំនួនបានចុះបញ្ជីពាណិជ្ជកម្ម តែមិនទាន់បានចុះបញ្ជីពន្ធដារ ឬក្នុងករណីមួយទៀតដែលធុរជនបានចុះបញ្ជីពន្ធដារ ប៉ុន្តែមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម ។ បច្ចុប្បន្ននេះ ប្រព័ន្ធ Single Portal បានបន្ថែមមុខងារថ្មី ដែលអនុញ្ញាតឱ្យក្រុមហ៊ុន/សហគ្រាសដែលបានចុះបញ្ជីពាណិជ្ជកម្ម ឬចុះបញ្ជីពន្ធដារ មុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ តែមិនគ្រប់នីតិវិធីទាំង ២ ប្រភេទនោះ គឺអាចបង្គ្រប់នីតិវិធី នៅលើប្រព័ន្ធ Single Portal បាន ។

សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលបានចុះបញ្ជីពន្ធដារ តែមិនបានចុះបញ្ជីពាណិជ្ជកម្ម

          ដើម្បីអាចបង្គ្រប់នីតិវិធីចុះបញ្ជីពាណិជ្ជកម្មបាន,  ជំហានដំបូង អ្នកប្រើប្រាស់ត្រូវចូលទៅកាន់ប្រព័ន្ធ Single Portal តាមរយៈគេហទំព័រ www.registrationservices.gov.kh  រួចចុចលើពាក្យ “ចុះបញ្ជីអាជីវកម្ម” នៅផ្នែកខាងលើនៃគេហទំព័រ។ ប្រព័ន្ធនឹងតម្រូវឱ្យអ្នកប្រើប្រាស់ Log In ចូលប្រើប្រាស់ ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ CamDigiKey ដើម្បីស្គែន QR Code ដែលមាននៅលើប្រព័ន្ធ (សម្រាប់ការណែនាំលើការបង្កើតគណនី CamDigiKey សូមចុចទីនេះ)។ បន្ទាប់មក អ្នកប្រើប្រាស់ត្រូវចុចប៊ូតុង “ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច” ហើយបន្តចុចប៊ូតុង “ចុះបញ្ជីពាណិជ្ជកម្ម”។ អ្នកប្រើប្រាស់ត្រូវអាន “ទម្រង់យល់ព្រម ឱ្យបានច្បាស់លាស់  រួចចុចលើប្រអប់ខាងមុខ ខ្ញុំឯកភាពរាល់ចំនុចខាងលើ”  ហើយចុច “បាទ/ចាស”

 

          ទម្រង់បែបបទនេះត្រូវបានបែងចែកជា ៤ ផ្នែកធំៗ រួមមាន (១) ផ្នែកចុះបញ្ជីពាណិជ្ជកម្ម, (២) ផ្នែកចុះបញ្ជីពន្ធដារ, (៣) ផ្នែកសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និង (៤) ផ្នែកពិនិត្យឡើងវិញ។ ក្នុងផ្នែកនីមួយៗ អ្នកប្រើប្រាស់ត្រូវបំពេញទម្រង់បែបបទឱ្យបានត្រឹមត្រូវ និងតម្រូវឱ្យមានសង្គតិភាពជាមួយការចុះបញ្ជីពន្ធដារដែលធ្លាប់បានធ្វើឡើងម្ដងរួចហើយ។ អសង្គតិភាពនៃព័ត៌មាន ឬភាពមិនត្រឹមត្រូវនៃព័ត៌មាន នឹងធ្វើឱ្យការស្នើសុំបង្គ្រប់នីតិវិធីចុះបញ្ជីអាជីវកម្មអាចត្រូវបាន “បញ្ជូនត្រលប់” ពីមន្ត្រីត្រួតពិនិត្យនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្នុងផ្នែកចុងក្រោយនៃទម្រង់បែបបទ, អ្នកប្រើប្រាស់ត្រូវពិនិត្យសារឡើងវិញនូវព័ត៌មាន និង ឯកសារដែលបានភ្ជាប់ រួចចុចប៊ូតុង “ដាក់ស្នើ”។ ជាចុងក្រោយ, អ្នកប្រើប្រាស់តម្រូវឱ្យជ្រើសរើសទូទាត់សងប្រាក់មួយ រួចទូទាត់តាមការណែនាំ។

 

          គួរបញ្ជាក់ផងដែរថា រាល់ឯកសារយោងទាំងអស់ត្រូវតែស្គែនចេញពីច្បាប់ដើម ជាទម្រង់ pdf ច្បាស់ អាចអានបាន និងមានទំហំធំបំផុត 20MB ហើយការចុះបញ្ជីពន្ធដារមិនត្រូវបានគិតកម្រៃសេវាម្ដងទៀតនោះទេ។

            ប្រសិនបើក្រុមហ៊ុន/សហគ្រាសរបស់អ្នកប្រើប្រាស់ចាត់ចូលក្នុងករណី ដូចបានរៀបរាប់ខាងលើ សូមប្រតិបត្តិតាមជំហានខ្លីៗជារូបភាពដូចតទៅ៖

 

១. ចុចប៊ូតុង ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច រួចហើយចុចប៊ូតុង ចុះបញ្ជីពាណិជ្ជកម្ម

 

 

២. អាន “ទម្រង់យល់ព្រម” ឱ្យបានច្បាស់លាស់ រួចចុចលើប្រអប់ខាងមុខ “ខ្ញុំឯកភាពរាល់ចំនុចខាងលើ”  ហើយចុច “បាទ/ចាស”

 

 

៣. ជ្រើសរើសទម្រង់ក្រុមហ៊ុន/សហគ្រាសដែលសមស្របទៅនឹងក្រុមហ៊ុន/សហគ្រាសរបស់អ្នក រួចបំពេញ  ព័ត៌មាន និងភ្ជាប់ឯកសារតម្រូវលើទម្រង់បែបបទ “ការចុះបញ្ជីពាណិជ្ជកម្ម” រួចចុច “បន្ទាប់”។

 

៤. បំពេញព័ត៌មានការចុះបញ្ជីពន្ធដារ ឱ្យស្របទៅតាមព័ត៌មានដែលធ្លាប់បានចុះបញ្ជីពន្ធដាររួចរាល់ និងភ្ជាប់មកនូវឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារលើទម្រង់បែបបទ “ការចុះបញ្ជីពន្ធដារ” រួចចុច “បន្ទាប់”។

 

៥. បំពេញព័ត៌មាន និងភ្ជាប់ឯកសារលើទម្រង់បែបបទ “សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស” រួចចុច “បន្ទាប់”។

 

 

៦. ពិនិត្យព័ត៌មាន និងឯកសារឡើងវិញ រួចចុច “បន្ទាប់”

 

៧. ជ្រើសរើសជម្រើសទូទាត់សងប្រាក់ រួចទូទាត់តាមការណែនាំ។

សម្រាប់ក្រុមហ៊ុន/សហគ្រាសដែលបានចុះបញ្ជីពាណិជ្ជកម្ម តែមិនបានចុះបញ្ជីពន្ធដារ

        ការបង្គ្រប់នីតិវិធីការចុះបញ្ជីពន្ធដារ ក្នុងករណីដែលក្រុមហ៊ុន/សហគ្រាសបានចុះបញ្ជីពាណិជ្ជកម្ម តែមិនបានចុះបញ្ជីពន្ធដារ អាចធ្វើឡើងនៅលើប្រព័ន្ធ Single Portal បានដូចគ្នា។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ប្រព័ន្ធ Single Portal ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ CamDigiKey ដដែល។ ក្រោយការ Log In ចូលប្រព័ន្ធរួចមក, អ្នកប្រើប្រាស់ត្រូវ​ចុចប៊ូតុង “ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច” រួចបន្តចុចប៊ូតុង “ចុះបញ្ជីពន្ធដារ”។ អ្នកប្រើប្រាស់ត្រូវអាន​ “ទម្រង់យល់ព្រម ឱ្យបានច្បាស់លាស់ រួចចុចលើប្រអប់ខាងមុខ “ខ្ញុំឯកភាពរាល់ចំនុចខាងលើ” រួចហើយចុចលើ “បាទ/ចាស”។ ស្រដៀងគ្នា​នឹងករណីក្រុមហ៊ុន/សហគ្រាសបានចុះបញ្ជីពន្ធដារ តែមិនបានចុះបញ្ជីពាណិជ្ជកម្មដែរ, ទម្រង់បែបបទមាន ៤ ផ្នែកដូចគ្នា ហើយរាល់ការបំពេញព័ត៌មាន ត្រូវឱ្យមានសង្គតិភាពជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្មដែលបានធ្វើម្ដងរួចមកហើយ។ រាល់ឯកសារយោងទាំងអស់ត្រូវតែស្គែនចេញពីច្បាប់ដើម ជាទម្រង់ pdf ច្បាស់ អាចអានបាន និងមានទំហំធំបំផុត 20MB។ ក្រោយការដាក់ស្នើ, ការទូទាត់សងប្រាក់ក៏នឹងត្រូវធ្វើឡើងតាមអនឡាញដូចគ្នាផងដែរ ដែលការចុះបញ្ជីពាណិជ្ជកម្មមិនមានការគិតកម្រៃសេវាម្ដងទៀតនោះទេ។

 

            ប្រសិនបើក្រុមហ៊ុន/សហគ្រាសរបស់អ្នកប្រើប្រាស់ចាត់ចូលក្នុងករណី ដូចបានរៀបរាប់ខាងលើ សូមប្រតិបត្តិតាមជំហានខ្លីៗជារូបភាពដូចតទៅ៖

 

១. ចុចប៊ូតុង ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច រួចហើយចុចប៊ូតុង ចុះបញ្ជីពន្ធដារ

 

 

២. អាន “ទម្រង់យល់ព្រម” ឱ្យបានច្បាស់លាស់ រួចចុចលើប្រអប់ខាងមុខ “ខ្ញុំឯកភាពរាល់ចំនុចខាងលើ”  ហើយចុច “បាទ/ចាស”

 

 

៣. បំពេញព័ត៌មានដែលបានចុះបញ្ជីពាណិជ្ជកម្មរួចរាល់ឱ្យមានសង្គតិភាពក្នុងទម្រង់បែបបទ រួចចុច “បន្ទាប់”។

 

៤. បំពេញព័ត៌មាន និងភ្ជាប់ឯកសារ សម្រាប់ការចុះបញ្ជីពន្ធដារ រួចចុច “បន្ទាប់”។

 

៥. បំពេញព័ត៌មាន និងភ្ជាប់ឯកសារ សម្រាប់ការធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស រួចចុច “បន្ទាប់”។

 

 

៦. ពិនិត្យព័ត៌មាន និងឯកសារឡើងវិញ រួចចុច “បន្ទាប់”

 

៧. ជ្រើសរើសជម្រើសទូទាត់សងប្រាក់ រួចទូទាត់តាមការណែនាំ។