បើទោះបីជាប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម និងធុរជន ក្នុងការចុះបញ្ជីអាជីវកម្មជាងមុនក៏ពិតមែន យើងខ្ងុំមានគន្លឹះមួយចំនួនដើម្បីឱ្យបទពិសោធន៍ចុះបញ្ជីរបស់លោកអ្នកកាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។
តើលោកអ្នកគួរធ្វើអ្វីខ្លះ នៅមុនពេលចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន?
នៅមុនពេលចុះបញ្ជីអាជីវកម្ម លោកអ្នកគួរតែ ៖
- អានសៀវភៅមគ្គុទេសក៍ ស្តីពីការចុះបញ្ជីតាម ថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលលោកអ្នកអាចទាញយកបានលើគេហទំព័រ www.registrationservices.gov.kh
- ទាក់ទងមកកាន់ក្រុមការងារគាំទ្ររបស់យើង ដើម្បីស្រាយចម្ងល់ឱ្យអស់ផ្សេងៗ
- រៀបចំឯកសារ ដើម្បីភ្ជាប់ជាមួយសំណើចុះបញ្ជី
- បង្កើតគណនី CamDigiKey លើទូរស័ព្ទដៃ (ចូលទៅកាន់តំណ https://youtu.be/J0FLP1HIwfQ ដើម្បីស្វែងយល់ពីវិធីបង្កើតគណនី CamDigiKey)
តើលោកអ្នកគួរធ្វើអ្វីខ្លះ នៅកំឡុងពេលចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន?
នៅកំឡុងពេលចុះបញ្ជីអាជីវកម្ម លោកអ្នកគួរតែ ៖
- ស្វែងរកកន្លែងដែលមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់
- ប្រើប្រាស់កុំព្យូទ័រដើម្បីចូលទៅកាន់ថ្នាលចុះបញ្ជី
- បញ្ចូលព័ត៌មាន និងភ្ជាប់ឯកសារតម្រូវទាំងអស់
- ពិនិត្យឡើងវិញនូវ ព័ត៌មាន និងភ្ជាប់ឯកសារតម្រូវទាំងអស់ រួចដាក់ស្នើ និងបង់ប្រាក់អនឡាញ។
ក្រោយពីសំណើត្រូវបានដាក់ស្នើ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងត្រួតពិនិត្យសំណើចុះបញ្ជីទៅតាមដំណាក់កាលដោយក្រសួងពាណិជ្ជកម្ម ចំណាយពេលត្រួតពិនិត្យចំនួន ៣ ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ៤ ថ្ងៃ និងក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១ ថ្ងៃ។ ប្រសិនជាព័ត៌មាន និងឯកសារ គ្រប់គ្រាន់ ត្រឹមត្រូវ និងពិតប្រាកដ សំណើចុះបញ្ជីនឹងទទួលបានការអនុម័តក្នុងរយៈពេល ៨ ថ្ងៃ។
តើលោកអ្នកគួរធ្វើអ្វីខ្លះ ក្រោយពេលចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរួចរាល់?
ក្រោយទទួលបានការអនុម័ត លោកអ្នកគួរតែ ៖
- បញ្ចូលព័ត៌មានគណនីធនាគារតាមថ្នាលអនឡាញ ក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារអនុម័តពាក្យស្នើសុំចុះបញ្ជី។ ប្រសិនជាមានការយឺតយ៉ាវដោយប្រការណាមួយ សូមទាក់ទងទៅស្នើសុំពន្យារការបញ្ចូលព័ត៌មានគណនីធនាគារ ពីអគ្គនាយកដ្ឋានពន្ធដារ ដោយទាក់ទងទៅ០៨១ ៨៨៨ ២៩៦ រួចចុចតាមការណែនាំ ដើម្បីសាកសួរពីនីតិវិធី។
- អាចព្រីន និងដាក់តាំងវិញ្ញាបនបត្រ/អាជ្ញាបណ្ណនៅទីតាំងអាជីវកម្មរបស់អ្នក ដើម្បីបង្ហាញពីភាពស្របច្បាប់នៃអាជីវកម្មលោកអ្នក។
- ស្នើសុំអាជ្ញាបណ្ណជំនាញពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច តាមប្រភេទកម្មវត្ថុអាជីវកម្មរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនជាលោកអ្នកបើកសណ្ឋាគារ និងមានផ្តល់សេវាកម្មភោជនីយដ្ឋានក្នុងសណ្ឋាគារនោះ លោកអ្នកនឹងតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់សណ្ឋាគារ និងអាជ្ញាបណ្ណជំនាញសម្រាប់ភោជនីយដ្ឋាន ពីក្រសួងទេសចរណ៍។
បើទោះបីជាការចុះបញ្ជីអាជីវកម្មមានភាពងាស្រួលជាងមុន ហើយអ្នកចុះបញ្ជីមិនតម្រូវឱ្យទៅកាន់ការិយាល័យចុះបញ្ជីនៃក្រសួងស្ថាប័ននីមួយៗ ហើយអាចធ្វើការស្នើសុំតាមអនឡាញបាន ប៉ុន្តែប្រសិនជាអ្នកចុះបញ្ជីបានដឹងអំពីចំណុចគន្លឹះខាងលើ វានឹងអាចជួយសម្រួលបានមួយកម្រិតទៀត។
លោកអ្នកក៏អាចស្វែងរកជំនួយពីក្រុមការងារគាំទ្របាន តាមរយៈមធ្យោបាយដូចជា៖
- ទំព័រហ្វេសប៊ុក: Online Business Registration Service
- ការជជែកតាម Live Chat
- អ៊ីម៉ែល: registrationservices@mef.gov.kh
- លេខទូរស័ព្ទ: ០៨១ ៨៨៨ ២៩៦