ការចុះបញ្ជីអាជីវកម្មត្រូវបានម្ចាស់អាជីវកម្ម/សហគ្រាសគិត និងមើលឃើញថាជានីតិវិធីមួយដែលស៊ាំញាំ និងមិនចាំបាច់សម្រាប់អាជីវកម្មរបស់ខ្លួន ដោយផ្អែកលើគោលគំនិតថាអាជីវកម្មរបស់ខ្លួនមានលក្ខណៈជាអាជីវកម្មគ្រួសារ និងមានទំហំតូច។ ចំណែកឯម្ចាស់អាជីវកម្ម/សហគ្រាសមួយចំនួនតែងតែគិតថាការចុះបញ្ជីអាជីវកម្មគឺជាកាតព្វកិច្ចតាមផ្លូវច្បាប់ដែលជាតម្រូវការចាំបាច់ ប៉ុន្តែម្ចាស់អាជីវកម្ម/សហគ្រាសមិនទាន់ជ្រាបពីផលប្រយោជន៍ផ្សេងៗស្តីពីការចុះបញ្ជីអាជីវកម្មនោះទេ។
ហេតុអ្វីម្ចាស់អាជីវកម្មត្រូវចុះបញ្ជីអាជីវកម្ម ក្រៅពីទទួលបានភាពស្របច្បាប់នៃអាជីវកម្ម?
១. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់លោកអ្នក ដោយមានឈ្មោះអាជីវកម្មជាអត្តសញ្ញាណមួយបែងចែក អាជីវកម្មរបស់លោកអ្នកឱ្យមានភាពខុសប្លែកពីដៃគូរប្រកួតប្រជែងអាជីវកម្មនៅក្នុងទីផ្សារ។
២. ទទួលបានការគាំពារតាមផ្លូវច្បាប់ ជៀសវាងការប្រឈមនឹងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចចុះអង្កេតអំពីភាពត្រឹមត្រូវ និងស្របច្បាប់នៃការប្រព្រឹត្តទៅនៃអាជីវកម្ម។
៣. ទាក់ទាញអតិថិជន និងដៃគូរអាជីវកម្ម ជាពិសេសក្រុមហ៊ុនធំៗ ដែលធ្វើការបញ្ជាទិញក្នុងទំហំធំ និងមានតម្រូវការបរិមាណច្រើន ដោយធ្វើការបង្កើននូវភាពជឿជាក់ និងទំនុកចិត្តដែលទទួលបានពីភាពស្របច្បាប់នៃអាជីវកម្ម ព្រោះមិនមានក្រុមហ៊ុនធំណាមានបំណងចង់ធ្វើអាជីវកម្មជាមួយដៃគូអាជីវកម្មដែលមិនបានចុះបញ្ជីនោះទេ។
៤. ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន ដោយភាពស្របច្បាប់នៃអាជីវកម្មអាចជួយសម្រួល ដល់ការវាយតម្លៃឥណទានបានមួយចំណែកផងដែរ។
៥. ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិតរបស់អ្នក
ដូចនេះ, ការចុះបញ្ជីអាជីវកម្ម មិនត្រឹមត្រូវតែផ្តល់ភាពស្របច្បាប់ដល់អាជីវកម្មនោះទេ ប៉ុន្តែម្ចាស់អាជីវកម្ម/សហគ្រាសក៏អាចទទួលបានផលប្រយោជន៍ផ្សេងៗដូចដែលបានជម្រាបនៅខាងលើ។ ម្ចាស់អាជីវកម្ម/សហគ្រាសគួរតែចុះបញ្ជីអាជីវកម្ម ដើម្បីទាញយកនូវផលប្រយោជន៍ ក៏ដូចជាចូលរួមលើកកម្ពស់ និងអភិវឌ្ឍនូវសេដ្ឋកិច្ចជាតិផងដែរ។
- ទំព័រហ្វេកប៊ុក: Online Business Registration Service
- ការជជែកតាម Live Chat
- អ៊ីម៉ែល: registrationservices@mef.gov.kh
- លេខទូរស័ព្ទ: ០៨១ ៨៨៨ ២៩៦